គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ការគាំទ្រផលិតផលខ្មែរត្រូវតែក្លាយជាទម្លាប់ មិនមែនគ្រាន់តែមួយឆាវៗនោះទេ

កាលបរិច្ឆេទ: ១០ កញ្ញា ២០២៥ / កសិកម្ម / Author : ATH Sokren

ក្នុងបទសម្ភាសន៍នៅស្ថានីយ៍ទូរទស្សន៍ CNC លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល បានទាញយកមេរៀនពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីបញ្ជាក់ជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តរបស់លោកក្នុងការធានាឱ្យមានឯករាជ្យភាពផ្នែកចំណីអាហារនៅកម្ពុជា និងអំពាវនាវឱ្យមានការចូលរួមថ្នាក់ជាតិក្នុងការគាំទ្រផលិតផលក្នុងស្រុក។

ជម្លោះនៅតាមព្រំដែនថៃ-ខ្មែរដែលបង្កឡើងដោយការចូលលុកលុយរបស់ទាហានថៃមកលើទឹកដីកម្ពុជា បានពញ្ញាក់ស្មារតីជាតិនិយម និងបានជំរុញឱ្យប្រជាពលរដ្ឋខ្មែរជាច្រើននាក់ងាកទៅធ្វើពហិការមិនប្រើប្រាស់ផលិតផលសៀម។ បើតាមប្រសាសន៍របស់លោកឧកញ៉ា ចលនាសេ្នហាជាតិនេះមិនត្រូវកើតឡើងតែមួយឆាវៗនោះទេ តែត្រូវតែជាឱកាសដ៏ល្អមួយសម្រាប់ពង្រីកសមត្ថភាពផលិតនៅក្នុងស្រុក។ លោកសម្តែងការសោកស្តាយចំពោះការពឹងផ្អែករបស់កម្ពុជាទៅលើផលិតផលនាំចូល ដែលជាផលវិបាកបន្សល់ដោយរបបខ្មែរក្រហមដែលបានកម្ទេចវិស័យឧស្សាហកម្មខ្មែរ និងធនធានមនុស្ស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ប្រឈមមុខនឹងវត្តមានដ៏លើសលប់នៃផលិតផលនាំចូលពីបរទេសនៅលើទីផ្សារខ្មែរ លោកឧកញ៉ាបានទទូចហើយទទូចទៀតថា «វាមិនមែនគ្រាន់តែជាបញ្ហាខាតបង់ប្រាក់តែម្យ៉ាងនោះទេ តែវាទាក់ទងនឹងមុខមាត់ប្រទេសជាតិ»។ ដូច្នេះហើយ ឯករាជ្យភាពចំណីអាហារមិនត្រឹមតែធានាឱ្យមានសុវត្ថិភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ធានាឱ្យមានការគោរពអធិបតេយ្យភាពប្រទេសផងដែរ។

នៅក្នុងបទសម្ភាសន៍នេះ លោកឧកញ៉ាឱសថបណ្ឌិត​ហៃ លីអ៊ាង បានអំពាវនាវឱ្យមានការគំាទ្រផលិតផលក្នុងស្រុកជារៀងរហូត និងសំណូមពរទៅដល់អាជ្ញាធរ សហគ្រិន និងប្រជាពលរដ្ឋពួតដៃគ្នាជាធ្លុងមួយដើម្បីចាប់ផ្តើមផលិតកម្មជាតិឡើងវិញ។ លោកគូសបញ្ជាក់ថា ការផលិតក្នុងស្រុកនៅជាទ្រង់ទ្រាយបែបសិប្បកម្មនៅឡើយ ពោលគឺនៅឆ្ងាយពីបរិមាណដែលអាចនឹងប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន ចំណែកឯសហគ្រាសធំៗជាច្រើនគឺដើមទុន​ និងបច្ចេកវិទ្យាមកពីបរទេស។ នេះជាសញ្ញាប្រកាសអាសន្នមួយ៖ «យើងត្រូវរៀបចំផលិតកម្ម ប្រមូលជំនាញ និងបង្កើតគោលនយោបាយពិតប្រាកដសម្រាប់ផលិតផលខ្មែរពិតៗ និងមានការទទួលស្គាល់»។

ផលិតផលល្បីៗមួយចំនួនរបស់ក្រុមហ៊ុនខនហ្វីរេលមានដូចជាស្ករត្នោត និងប្រហុក ទទួលបានជោគជ័យនៅលើឆាកអន្តរជាតិ។ ប៉ុន្តែលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានរម្លឹកថា បើគ្មានការសម្របសម្រួលថ្នាក់ជាតិ និងគ្មានទំនុកចិត្តជាថ្មីលើសមត្ថភាពផលិតរបស់កម្ពុជា ជាអ្វីដែលយើងត្រូវការនោះទេ ការធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលនឹងបានតែមួយឆាវៗប៉ុណ្ណោះ ហើយពេលនោះប្រទេសជាតិនឹងនៅតែពឹងផ្អែកលើប្រទេសជិតខាងដដែល។

សម្រាប់លោកឧកញ៉ា ឧបសគ្គចម្បងមិនមែនសម្ភារៈ ឬថវិកានោះទេ បញ្ហាចម្បងនោះគឺបញ្ហាមនុស្ស និងឧត្តមគតិ។ កម្ពុជាខ្វះបុគ្គលិកដែលមានសមត្ថភាព និង«ខ្វះគំនិតជាតិនិយម»។ លោកសោកស្តាយដែលឃើញគំនិតបុគ្គលនិយមកើនឡើងកាន់តែច្រើនទៅៗ និងឃើញការធ្លាក់ចុះផ្នែកសីលធម៌។ លោកគូសបញ្ជាក់ថា «បើគ្មានគំនិតជាតិនិយមទេ នោះយើងមិនដឹងជាការពារជាតិរបៀបណាទេ»។

លោកអំពាវនាវឱ្យមានការអប់រំក្នុងបំណងពង្រឹងទំនុកចិត្តលើផលិតផលក្នុងស្រុក និងឱ្យមានការសាមគ្គីគ្នារវាងតួអង្គពាក់ព័ន្ធទាំងអស់ មិនថាវិស័យឯកជន រដ្ឋ ឬពលរដ្ឋនោះទេដើម្បីឈានទៅបង្កើតសេដ្ឋកិច្ចមួយដ៏រឹងមាំ ដោយផ្អែកលើគុណភាព និងមោទកភាពជាតិ។

បទពិសោធន៍របស់សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល ដែលជាអ្នកត្រួសត្រាយផ្លូវលើវិស័យនេះ បានបង្ហាញថា យើងអាចធ្វើឱ្យសេដ្ឋកិច្ចជាតិរស់ឡើងវិញបាន។ បើទោះជាជួបការលំបាកខ្លះៗនៅដើមដំបូងក្តី ក៏ក្រុមហ៊ុនសហគ្រាសមួយនេះបានវិវត្តទៅមុខរហូតឈានទៅនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេសជាច្រើន ជាសក្ខីភាពបង្ហាញពីសក្កានុពលក្នុងវិស័យកសិឧស្សាហកម្ម និងឱសថនៅកម្ពុជា។

ចំពោះលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង វាចាំបាច់ណាស់ដែលគំនិតស្នេហាជាតិនេះមិនត្រូវឆេះដូចភ្លើងចំបើងនោះទេ ប៉ុន្តែត្រូវតែជាមូលដ្ឋានយុទ្ធសាស្រ្តដ៏យូរអង្វែងដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយដែលគេទទួលស្គាល់ និងគោរព ទាំងនៅក្នុងតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ។ វិវាទព្រំដែនខ្មែរ-ថៃ បានផ្តល់ជាមេរៀនមួយយ៉ាងច្បាស់ថា ឯករាជ្យភាពចំណីអាហារគឺជាបញ្ហារបស់យើងគ្រប់គ្នា ហើយការគាំទ្រផលិតផលខ្មែរត្រូវតែក្លាយជាទម្លាប់ មិនត្រូវកើតឡើងតែមួយពេលៗនោះទេ៕